នៅវិទ្យាល័យ​ ហ៊ុន​ សែន​ តាខ្មៅ​ បានរៀបចំពិធីរុក្ខទិវា​ ថ្នាក់ខេត្ត​ អបអរសាទររុក្ខទិវាថ្នាក់ជាតិ​ ៩​ កក្កដា​ ឆ្នាំ២០១៧​ ក្រោមអធិបតីភព​ ឯកឧត្តម​ ម៉ៅ​ ភិរុណ​ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល។

Am Samonn | កក្កដា ៥, ២០១៧ ៣:៥៥ ល្ងាច


នាព្រឹកថ្ងៃទី​ ០៣​ ខែកក្កដា​ ឆ្នាំ២០១៧​ នៅវិទ្យាល័យ​ ហ៊ុន​ សែន​ តាខ្មៅ​ បានរៀបចំពិធីរុក្ខទិវា​ ថ្នាក់ខេត្ត​ អបអរសាទររុក្ខទិវាថ្នាក់ជាតិ​ ៩​ កក្កដា​ ឆ្នាំ២០១៧​ ក្រោមអធិបតីភព​ ឯកឧត្តម​ ម៉ៅ​ ភិរុណ​ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល។ សមាសភាពអញ្ជើញចូលរួមមាន​៖​ ឯកឧត្តម​ លោកជំទាវ​ សមាជិក​ ក្រុមប្រឹក្សាខេត្ត​ អភិបាលរងខេត្ត​ លោក​ លោកស្រី​ ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត​ ក្រមប្រឹក្សា​ គណៈអភិបាលក្រុង មន្រ្តីរាជការជុំវិញក្រុង សិស្សានុសិស្ស និងប្រជាពលរដ្ឋ​ សរុបចំនួន​ ១០០០​ នាក់។
សម្រាប់ឆ្នាំ២០១៧ នេះ ជាលើកទី២១សម្រាប់ខេត្តកណ្ដាល និងជាលើកទី៣សម្រាប់ក្រុងតាខ្មៅ ដែលរៀបចំពិធីរុក្ខទិវា ហើយឆ្នាំនេះខេត្តកណ្តាលយើងមានកិត្តិយសដែលត្រូវរៀបចំប្រារព្ធពិធីរុក្ខទិវាចំនួន០២ គឺថ្នាក់ខេត្ត និងថ្នាក់ជាតិ។ ដោយឡែក រុក្ខទិវាថ្នាក់ខេត្ត ដែលយើងកំពុងប្រារព្ធនាឱកាសនេះ គឺយើងបានសម្រេចជ្រើសយកកំណាត់​ផ្លូវជាតិលេខ២១ ចាប់ពីរង្វង់មូលលោកតាម៉ៅរហូតដល់ព្រំប្រទល់ក្រុងតាខ្មៅ និងស្រុកស្អាង ដែលមានប្រវែង ៥.១០០ ម៉ែត្រ ដាំដើមឈើសរុបបានចំនួន ១ ១០៧ ដើម។ ក្នុងនោះ ចាប់ពីរង្វង់មូលលោកតាម៉ៅ រហូតដល់បន្ទាយទួលក្រសាំង យើងបានដាំដើមឥន្ទនេលចំនួន ២០៧ ដើម និងពីបន្ទាយទួលក្រសាំងទៅព្រំប្រទល់ក្រុងតាខ្មៅ និងស្រុកស្អាង បានដាំដើមឈើព្រៃធម្មជាតិ ចំនួន ៦០០ ដើម។ ទន្ទឹមនឹងនេះ យើងក៏បានដាំតាមរបង និងក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន តាខ្មៅ បន្ថែមទៀត បានចំនួន ៣០០ដើម ដោយ​ប្រើប្រាស់ប្រភេទឈើព្រៃធម្មជាតិ រួមមាន ក្រញូង បេង ធ្នង់ គគីរ ឈើទាល ក្នុងគោលបំណងបង្កើន​​សោភ័ណភាព បង្កើតម្លប់ពណ៌បៃតងតាមដងផ្លូវ និងបរិវេណសាលា ឲ្យមានបរិយាកាសល្អសំរាប់ពលរដ្ឋ សិស្សា​នុសិស្ស លោកគ្រូ-អ្នកគ្រូ ជាពិសេសគឺជួយកែប្រែបរិយាកាស ធម្មជាតិឱ្យកាន់​តែ​ល្អប្រសើរ​ថែមទៀតផង។
នៅក្នុងពិធីនេះ ខណ្ឌរដ្ឋបាលព្រៃឈើកណ្តាលក៏បានត្រៀមកូនឈើចំនួន ២.៥០០ ដើមទៀតដែលជាឈើរយៈពេលវែង និងឈើហូបផ្លែសម្រាប់ចែក​ជូន ប្រជាពល​រដ្ឋ​ លោកគ្រូ អ្នកគ្រូ ដែលបានអញ្ជើញមកចូលរួម។
ក្នុងឱកាសនេះ​ដែរ ឯកឧត្តម​បានផ្តាំផ្ញើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ព្រមទាំងប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមទាំងអស់គ្នាក្នុងដាំដើមឈើ និងថែរក្សាដើមឈើដែលបានដាំរួចហើយអោយបានគង់វង្សល្អ។

19554998_476672922687639_5343007774306825611_n 19598471_476669912687940_8515020136414822028_n 19601370_476672666020998_6463529195024347768_n 19601426_476673199354278_510154935997440972_n 19657056_476672816020983_9043462162096756485_n 19731916_476672552687676_2623230653897142105_n




ព័ត៌មានថ្មីៗដែលជាប់ពាក់ព័ន្ធ




ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកណ្ដាល

ដីឡូលេខ ០២៨៣០ ផ្លូវលេខ ២០០៤ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

សារអេឡិចត្រូនិច : cpp.kandal@gmail.com, គេហទំព័រ : www.kandal.org.kh Fax: ០២៣៨៨៥៨២៧